www.senabteynewsphsasphsacheatnews.com.kh លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Saturday, December 6, 2025

តំណាងឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន ដឹកនាំកិច្ចប្រជុំបូកសរុបបញ្ហាប្រឈម និងកំណត់វិធានការ ដើម្បីដោះស្រាយបញ្ចប់ ការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ របស់ក្រសួងស្ថាប័នចំនួន១០ និងខេត្តចំនួន

(កំពត)៖ បណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, បណ្ឌិត ឈន សុភាព រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសហប្រធានគណៈកម្មការអន្តរក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរៀបចំធ្វើវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ និងលោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំ ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំបូកសរុបបញ្ហាប្រឈម និងផែនការគាំទ្រ ដើម្បីដោះស្រាយបញ្ចប់ការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ នៅតាមមូលដ្ឋានរាជធានី ខេត្តក្នុងឆ្នាំ២០២៦។

កិច្ចប្រជុំនេះ មានការចូលរួមពីលោក ណុំ ស៊ីនិត អគ្គនាយករង នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ និងលោក ហ៊ីង ច័ន្ទបូរ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងតំណាងក្រសួង ស្ថាប័នចំនួន ១៦ រួមមាន ក្រសួងការពារជាតិ, ក្រសួងសុខាភិបាល, ក្រសួងកិច្ចការនារី, ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងផែនការ, ក្រសួងយុត្តិធម៌, ក្រសួងពាណិជ្ជកម្ម, ក្រសួងបរិស្ថាន, ក្រសួងមហាផ្ទៃ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, អគ្គលេខាធិការដ្ឋានរដ្ឋសភា, អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍, និងគណៈកម្មការជាតិរៀបចំការបោះឆ្នោត និង អភិបាលរង តំណាងគណៈអភិបាលខេត្តចំនួន ៦ រួមមាន ខេត្តកំពត, ខេត្តកែប, ខេត្តព្រះសីហនុ, ខេត្តកោះកុង, ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ, លោក លោកស្រី ជាប្រធាន និងអនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តទាំង ៦, និង លោក លោកស្រីប្រធាន និងអនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំង ២៥ រាជធានី-ខេត្ត សរុបមានអ្នកចូលរួមប្រមាណ ១៣០ រូប។

កិច្ចប្រជុំនេះ មានគោលបំណង៖ (ទី១) ពិនិត្យវឌ្ឍនភាព, បញ្ហាប្រឈម និងសំណើដោះស្រាយចំពោះដីរដ្ឋដែលមិនទាន់មានប័ណ្ណកម្មសិទ្ធិ; (ទី២) ពិភាក្សាអំពីការស្រាវជ្រាវ និងកសាងទិន្នន័យនិងព័ត៌មានលម្អិតពាក់ព័ន្ធដីមានបញ្ហានីមួយៗ ដើម្បីធ្វើអាទិភាពក្នុងផែនការសកម្មភាព និងពន្លឿនការងារចុះពិនិត្យ និងដោះស្រាយរបស់គណៈកម្មការអន្តរក្រសួង; (ទី៣) ពិភាក្សាជាមួយក្រសួង ស្ថាប័ន និងគណៈកម្មការចំពោះកិច្ចរបស់ខេត្ត អំពីការងារដែលត្រូវត្រៀមជាមុនសម្រាប់ការងារចុះត្រួតពិនិត្យ និងដោះស្រាយនៅតាមមូលដ្ឋានខេត្តនីមួយៗ ក្នុងឆ្នាំ២០២៦; និង (ទី៤) ស្នើសុំកំណត់ជាផែនការសកម្មភាព និងទិន្នន័យមូលដ្ឋាន ដើម្បីបូកសរុប និងដាក់ឆ្លងកិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈកម្មការអន្តរក្រសួង ដែលគ្រោងរៀបចំក្នុងខែធ្នូ ឆ្នាំ២០២៥។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះគឺជាកិច្ចប្រជុំរបស់ក្រុមការងារទី១ ដែលត្រូវបានបង្កើតឡើងជាសេនាធិការរបស់គណៈកម្មការអន្តរក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីសម្របសម្រួល និងចុះដោះស្រាយបញ្ហាប្រឈមនៃការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋរបស់ក្រសួង ស្ថាប័ន ចំនួន ១០ រួមមាន ក្រសួងការពារជាតិ, ក្រសួងសុខាភិបាល, ក្រសួងកិច្ចការនារី, ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងផែនការ, ក្រសួងយុត្តិធម៌, ក្រសួងពាណិជ្ជកម្ម, អគ្គលេខាធិការដ្ឋានរដ្ឋសភា, អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍, និងគណៈកម្មការជាតិរៀបចំការបោះឆ្នោត, និងការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋក្នុងខេត្តចំនួន ៦ រួមមាន ខេត្តកំពត, ខេត្តកែប, ខេត្តព្រះសីហនុ, ខេត្តកោះកុង, ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ។

បន្ទាប់ពីបានស្ដាប់របាយការណ៍ និងពិភាក្សាលើបញ្ហាប្រឈមនីមួយៗ អង្គប្រជុំបានស្នើឱ្យក្រសួង ស្ថាប័ន និងរដ្ឋបាលខេត្ត ពិនិត្យ សិក្សា និងកសាងទិន្នន័យ និងព័ត៌មានលម្អិតពាក់ព័ន្ធដីរដ្ឋដែលមិនទាន់មានប័ណ្ណកម្មសិទ្ធិ ដើម្បីជាមូលដ្ឋានបូកសរុបវឌ្ឍនភាព បញ្ហាប្រឈម និងផែនការសកម្មភាព ឆ្នាំ២០២៦ រួមទាំងយកជាទិន្នន័យគោលសម្រាប់ដាក់ឆ្លងការពិនិត្យ និងសម្រេច ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈកម្មការអន្តរក្រសួង ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០២៥នេះ។

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages