www.senabteynewsphsasphsacheatnews.com.kh មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាង ហ្វាង ការផ្សាយ លោក មូល សាថូ អាសយដ្ឋានៈ ភូមិត្រពាំងស្លា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ / ទំនាក់ទំនង ទូរស័ព្ទលេខ​: 097 540 7868 / 0967237447

Breaking

Monday, April 27, 2026

ទេសរដ្ឋមន្ត្រី ថោង ខុន ដឹកនាំប្រជុំបូកសរុបការងារគណបក្សស្រុកតាំងគោកប្រចាំខែមេសា និងណែនាំដាក់ទិសដៅឆ្ពោះទៅរកការបោះឆ្នោតក្រុមប្រឹក្សាឃុំឆ្នាំ២០២៧

(កំពង់ធំ)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកតាំងគោកប្រចាំខែមេសា ឆ្នាំ២០២៦ ជាមួយនឹងការដាក់ចេញទិសដៅណែនាំថ្មីៗបន្ថែមទៀត ជាពិសេសការទប់ស្តាត់ និងបោសសំអាត និងប្រឆាំងដាច់ខាតមិនឱ្យមានបញ្ហា Online Scams នៅមូលដ្ឋានស្រុកតាំងគោក (ប្រសិនបើមាន) ដើម្បីរួមចំណែកដល់ការបោសសំអាត សកម្មភាពនេះឱ្យអស់ពីទឹកដីកម្ពុជា ព្រោះបញ្ហានេះគឺជាសត្រូវដ៏ធំ និងគ្រោះថ្នាក់បំផុតសម្រាប់ជាតិ។

កិច្ចប្រជុំនេះមានការចូលរួមពីលោក ជា បូរ៉ា អនុប្រធានទី២ ក្រុមការងារចុះមូលដ្ឋានស្រុកតាំងគោក, អនុប្រធាន និងសមាជិកក្រុមការងារចុះមូលដ្ឋានស្រុកតាំងគោក, ក្រុមការងារចុះមូលដ្ឋានឃុំទាំង០៨, លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងជាប្រធានគណបក្សស្រុក, ប្រធានគណបក្សឃុំទាំង០៨, ក្រុមការងារថ្នាក់ស្រុក-ថ្នាក់ឃុំជាច្រើនរូបទៀតផងដែរ។

បន្ទាប់ពីលោក ហាក់ ម៉ុងហួត បានឡើងរាយការណ៍ពីរបាយការណ៍សកម្មភាពការងារក្នុងស្រុកហើយនោះ, លោកទេសរដ្ឋមន្ត្រី ថោង ខុន ក៏បានថ្លែងកោតសរសើរដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតាំងគោក គណបក្សស្រុក និងឃុំ ដែលបានខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងកសាងសមាជិកបក្សបាន ៨៤,៦៤% ធៀបនឹងប្រជាពលរដ្ឋចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត។

លោកបណ្ឌិត ថោង ខុន ក៏បានណែនាំឱ្យក្រុមការងារបន្តក្តាប់ជាប់អំពីសតិអារម្មណ៍នយោបាយទាំងក្នុងគណបក្ស ទាំងក្នុងប្រជាជន មហាជន ព្រមទាំងធ្វើការអប់រំឱ្យប្រជាជន និងមហាជនឱ្យបានយល់ដឹងជ្រួតជ្រៀបពីសភាពការណ៍កើតឡើងនៅលើពិភពលោក, ការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ និងឧស្ម័នដែលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ , បញ្ហាព្រំដែនកម្ពុជា-ថៃ និង Online Scams ព្រមទាំងធ្វើការបំផុសជំនឿជឿជាក់របស់ប្រជាពលរដ្ឋមកលើការដឹកនាំរបស់សម្តេចតេជោ និងសម្តេចបវរធិបតី ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយផ្អែកលើច្បាប់អន្តរជាតិ, ការប្តេជ្ញាចូលរួមរបស់មូលដ្ឋានលើការទប់ស្កាត់ បង្រ្កាប និងបោសសំអាត Online Scams ឱ្យអស់ពីទឹកដីកម្ពុជា, ការរួមកម្លាំងសាមគ្គីជាធ្លុងមួយក្នុងការការពារសន្តិភាព អធិបតេយ្យ បូរណភាពទឹកដី និងអត្តសញ្ញាណជាតិខ្មែរ, ការបន្តជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យប្រជាពលរដ្ឋរស់នៅដោយសុខសាន្ត, ការបំផុសស្មារតីប្រជាជនឱ្យបន្តគាំទ្រដល់វីរកងទ័ពជួរមុខ, ជនភៀសសឹក និងការលើកទឹកចិត្តដល់ការផលិត និងប្រើប្រាស់ផលិតផលក្នុងស្រុក។

លោកបណ្ឌិត ក៏បានណែនាំឱ្យក្រុមការងារទាំងអស់ បន្តយកចិត្តទុកដាក់លើជីវភាពរស់នៅ និងការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន, ការរៀនរស់នៅក្នុងសភាពការណ៍ថ្មី (New Normal) ដោយសន្សំសំចៃ, ការបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈគ្រប់ប្រភេទជូនប្រជាពលរដ្ឋឱ្យបានល្អ, ការបន្តដោះស្រាយបញ្ហាសមធម៌ និងយុត្តិធម៌សង្គម និងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ពិសេសការបង្ក្រាបគ្រឿងញៀន ក្មេងទំនើង និងល្បែងស៊ីសងខុសច្បាប់។

លោកទេសរដ្ឋមន្ត្រី ថោង ខុន ក៏បានណែនាំឱ្យក្រុមការងារ គណបក្សស្រុក គណបក្សឃុំ បន្តពង្រឹងសមាជិកបក្សទាំងបរិមាណ និងគុណភាព ដោយគ្រប់ភូមិត្រូវខិតខំកសាងសមាជិកបក្សឱ្យបាន លើស៨៥% ធៀបនឹងប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៅក្នុងឆ្នាំ២០២៦នេះ, ក្តាប់ឱ្យជាប់ពីស្ថានភាព និងសកម្មភាពរបស់គណបក្សដទៃ, ការត្រៀមរៀបចំផែនការឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២៧, ការរៀបចំផ្គូរផ្គងបញ្ជីឈ្មោះបេក្ខភាពក្រុមប្រឹក្សាឃុំ, ការរៀបចំស្លាកសញ្ញាគណបក្សប្រជាជនតាមដងផ្លូវ និងតាមភូមិឱ្យបានសមរម្យ, ការបន្តធ្វើអំពើល្អរបស់មន្ត្រីបក្ស, ការបន្តចុះជាប់នៅមូលដ្ឋាន និងការបន្តចិញ្ចឹមចលនាបក្សនៅមូលដ្ឋាន ដោយធ្វើការចុះឱ្យដល់មូលដ្ឋានតាមខ្នងផ្ទះ និងគ្រួសារនីមួយៗ៕


No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages