(សៀមរាប)៖ លោក កៅ អ៉ីមរ៉ន រដ្ឋលេខាធិការក្រសួងព័ត៌មាន បានជំរុញដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាប ត្រូវបង្កើនការចុះយកព័ត៌មាន ផលិតបទយកការណ៍ និងមាតិកាថ្មីៗ ដើម្បីផ្សព្វផ្សាយតាមវិទ្យុ ទូរទស្សន៍ និងគ្រប់បណ្តាញសង្គមផ្លូវការរបស់មន្ទីរ ឱ្យបានទូលំទូលាយ គ្រប់ព្រឹត្តិការណ៍សំខាន់ៗក្នុងខេត្ត, ជាពិសេសត្រូវបន្តរៀបចំសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលតម្រង់ទិសជាប្រចាំ ទាំងលើផ្នែកបច្ចេកទេស និងការផ្សព្វផ្សាយ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដល់អ្នកសារព័ត៌មានក្នុងខេត្ត ដើម្បីធានាបាននូវតម្លៃវិជ្ជាជីវៈច្បាស់លាស់។
ការថ្លែងយ៉ាងដូច្នេះរបស់លោក កៅ អ៉ីមរ៉ន នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្ត ដើម្បីពិនិត្យ និងវាយតម្លៃលើប្រសិទ្ធភាពនៃការអនុវត្តតួការងារក្នុងរយៈពេល ៦ខែកន្លងទៅ និងពិភាក្សាលើចំណុចខ្វះខាត និងបញ្ហាប្រឈមជាក់ស្ដែងដែលជួបប្រទះ ដើម្បីរកដំណោះស្រាយឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ។
លោកបានបន្តថា ដើម្បីពង្រឹងគុណភាព និងធានានិរន្តរភាពការងារឱ្យកាន់តែប្រសើរឡើងថែមទៀត មន្ទីរត្រូវបន្តសហការដិតដល់ជាមួយរដ្ឋបាលខេត្ត មន្ទីរអង្គភាពជាគំរូសម្រាប់មន្ទីរផ្សេងៗ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងការតាមដានព័ត៌មាន និងឆ្លើយតបដើម្បីបន្សាបព័ត៌មានក្លែងក្លាយឱ្យបានទាន់ពេលវេលា ទប់ស្កាត់រាល់ការបំពុលបរិយាកាសសង្គម។
លោក ក៏បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ដែលបានបំពេញតួនាទីជាសេនាធិការយ៉ាងសកម្ម និងបុរេសកម្ម ក្នុងការគ្រប់គ្រងសណ្ដាប់ធ្នាប់សារព័ត៌មាន លំហព័ត៌មាន និងធានាបាននូវសន្តិសុខព័ត៌មាននៅក្នុងខេត្តប្រកបដោយប្រសិទ្ធភាព។
លោក កៅ អ៉ីមរ៉ន បញ្ជាក់ថា ក្រុមការងារដែលបានតាមដានក្ដាប់ជាប់នូវព័ត៌មានវិជ្ជមាន និងដំណឹងរសើប ព្រមទាំងបានធ្វើការផ្សព្វផ្សាយបកស្រាយ បំភ្លឺព័ត៌មានអវិជ្ជមានបានទាន់ពេលវេលា រួមទាំងការប្រមូលចំណូលសោតទស្សន៍ចូលថវិការដ្ឋតាមច្រកចេញចូលតែមួយបានលើសផែនការកំណត់។
លោក យឿន ចាន់ អនុប្រធានមន្ទីរទទួលបន្ទុករួម បានលើកឡើងថា រយៈពេល ៦ខែកន្លងទៅនេះ មន្ទីរបានបំពេញតួនាទីយ៉ាងសកម្មជាសេនាធិការឱ្យក្រសួងព័ត៌មាន និងរដ្ឋបាលខេត្ត ក្នុងការគ្រប់គ្រងសណ្ដាប់ធ្នាប់សារព័ត៌មាន លំហព័ត៌មាន ដើម្បីធានាឱ្យបាននូវសន្តិសុខព័ត៌មាន និងសុខដុមរមនីយកម្មសង្គម សម្រេចបានលទ្ធផលលើសផែនការរហូតដល់ ២៦.៦០%។ កន្លងទៅនេះ មន្ត្រីមន្ទីរបានចុះយកព័ត៌មាន ២ ១១៦លើក និងលើសផែនការរហូតដល់ ៧៥% លើការផលិតអត្ថបទព័ត៌មាន ៩ ៦៣៣អត្ថបទ។ ក្រុមការងារបានតាមដាន និងផ្សព្វផ្សាយឆ្លើយតប បំភ្លឺព័ត៌មានអវិជ្ជមាន និងដំណឹងរសើបបានទាន់ពេលវេលាចំនួន ៤៨ករណី និងមាន Website ផ្លូវការដែលក្រសួងបានដាក់ឱ្យដំណើរការនាពេលថ្មីៗនេះ។
ជាមួយនេះដែរ លោកបញ្ជាក់ថា ទិសដៅបន្តរបស់មន្ទីរផ្ដោតលើការបណ្តុះបណ្តាលមន្ត្រី និងអ្នកសារព័ត៌មាន ជំរុញការផលិតមាតិកាឱ្យកាន់តែទូលំទូលាយ និងពង្រឹងកិច្ចសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីឆ្លើយតប និងបន្សាបព័ត៌មានក្លែងក្លាយ (Fake News) នៅក្នុងសង្គមឱ្យបានទាន់ពេលវេលា៕

















No comments:
Post a Comment