www.senabteynewsphsasphsacheatnews.com.kh មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាង ហ្វាង ការផ្សាយ លោក មូល សាថូ អាសយដ្ឋានៈ ភូមិត្រពាំងស្លា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ / ទំនាក់ទំនង ទូរស័ព្ទលេខ​: 097 540 7868 / 0967237447

Breaking

Wednesday, July 8, 2026

(រតនគិរី)៖ នៅព្រឹកថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញ​​ជួប​​សំណេះ​​សំណាល​ជាមួយ​ក្រុម​ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គ​ភាពនានា ​ជុំវិញ​ខេត្ត​រតនគិរី ដែលជាខេត្តភាគ​ឦ​សាននៃប្រទេសកម្ពុជា។

ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុ​ប្រធាន​ក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត សមាជិកក្រុម​ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រម​ទាំង​ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តជិត ៨០០នាក់។

សម្តេចតេជោ ហ៊ុន សែន បានហៅការអញ្ជើញចុះជួបសំណេះសំណាលជាមួយ ក្រុម ប្រឹក្សា រាជ​ធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានានេះ ជាដំណើរឆ្ពោះទៅ​កាន់​មូល​ដ្ឋាន។ ដំណើរឆ្ពោះទៅកាន់មូលដ្ឋាន បានចាប់ផ្តើមកាលពីថ្ងៃ ទី២៥ ខែមេសា ឆ្នាំ​២០​២៦។ រាជធានី ខេត្តចំនួន២០រួចមកហើយ ដែលសម្តេចតេជោ ហ៊ុន សែន បាន​អញ្ជើញជួប​សំណេះ​សំណាល​រួមមាន៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ តាកែវ កំពត កែប ស្វាយរៀង ព្រៃវែង រាជ​ធានី​ភ្នំពេញ កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ កណ្តាល សៀមរាប​ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ខេត្តក្រចេះ និងមណ្ឌលគិរី។

កម្មវិធីជួបសំណេះសំណាលនេះ គឺជាវេលាដ៏មានសារៈសំខាន់មួយសម្រាប់សម្តេចតេជោ ហ៊ុន សែន ក្នុងការក្រើនរំលឹក និងជំរុញដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុក​ដាក់​ទៅលើ​កិច្ច​ការជាដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេសការផ្តល់សេវាទាំងឡាយជូន ដល់​ប្រជាពលរដ្ឋ ក៏ដូច​ជា​ការដោះស្រាយបញ្ហាទាំងឡាយដែលជាក្តីកង្វល់របស់ប្រជា​ពល​​រដ្ឋ។

ក្រៅពីការជំរុញយកចិត្តទុកដាក់លើការផ្តល់សេវាហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏លើក​ឡើង​ពីបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ ការប្រយុទ្ធប្រឆាំងបទល្មើសនានា កិច្ចការពារធន​ធាន​ធម្ម​ជាតិ និងការងារគ្រប់គ្រងរដ្ឋបាលនៅមូលដ្ឋាន។

ខេត្តរតនគិរី ស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា មាន​ចម្ងាយ ៥៨៨គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ មានផ្ទៃដីសរុប ១០,៧៨២គីឡូម៉ែត្រក្រឡា និងរចនា​សម្ព័ន្ធដែនដីចែកចេញជា ១ក្រុង ៨ស្រុក ៤៦ឃុំ ៤សង្កាត់ និង២៤៣ភូមិ។ ខេត្តមានប្រជាជន​សរុប​ចំនួន ២៣៥,៨៣០នាក់ ក្នុងនោះប្រុសស្មើនឹង ៥០.៧១ភាគរយ និងស្ត្រីស្មើនឹង ៤៩.២៨​ភាគរយ ស្មើនឹង ៥៨,៦៨៨គ្រួសារ។

ខេត្តរតនគិរី មានជនជាតិដើមភាគតិចចំនួន ៨អម្បូរ ក្នុងនោះមានជនជាតិព្នង ទំពួន ចារាយ គ្រឹង ព្រៅ កាចក់ កាវ៉ែត ព្នង និងជនជាតិលន់ សរុបចំនួន ១៣២,១៩៩នាក់ ស្មើនឹង ៣៣,៩៨៧គ្រួសារ ប្រមាណ ៥៦.០២ភាគរយនៃប្រជាជនសរុបទូទាំងខេត្ត។

ខេត្តរតនគិរី មានព្រំប្រទល់ខាងលិចជាប់នឹងខេត្តស្ទឹងត្រែង ខាងកើតជាប់នឹងខេត្តយ៉ាឡាយ និងខេត្តក្វាងង៉ាយ ប្រទេសវៀតណាម ដែលប្រវែងប្រមាណ ២២១គីឡូម៉ែត្រ ខាងជើង​ជាប់​នឹង​ខេត្តអត្តពឺ ប្រទេសឡាវ មានប្រវែងប្រមាណ ១៧០គីឡូម៉ែត្រ និងខាង ត្បូងជាប់នឹងខេត្ត​មណ្ឌល​គិរី។

ប្រជាពលរដ្ឋក្នុងខេត្តភាគច្រើនប្រកបរបរកសិកម្ម ស្មើនឹង ៨៣,៥០ភាគរយ របរធ្វើសិប្បកម្ម ០.៤០ភាគរយ និងរបរសេវាកម្ម១៦.១ភាគរយ។ សេដ្ឋកិច្ចខេត្ត មានចំណូល ៤១៤លានដុល្លារ គិត​ត្រឹមឆ្នាំ២០២៥ មានកំណើន ៥.៣ភាគរយ និង GDP ១,៨៩៨ដុល្លារ/នាក់ ក្នុងឆ្នាំ​២០២៥។

ខេត្តរតនគិរី មានច្រកទ្វារព្រំដែនអន្តរជាតិចំនួន ១កន្លែង គឺច្រកទ្វារត្រួតពិនិត្យព្រំដែន​អន្តរជាតិ​អូរយ៉ាដាវ។ ខេត្តមានទន្លេពីរហូរកាត់ គឺទន្លេសេសាន និងទន្លេស្រែពក។

ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៅក្នុងនីតិកាលចាស់ និង​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៅក្នុងនីតិកាលថ្មី បានដាក់ចេញ​នូវ​យុទ្ធសាស្ត្រ ផែនការ និងក្របខ័ណ្ឌគោលនយោបាយជាច្រើន ដើម្បីជំរុញការអភិវឌ្ឍជាតិ លើកកម្ពស់វឌ្ឍនភាពសង្គម-សេដ្ឋកិច្ច ជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាជន រួមនិង​ការ​ដោះស្រាយបញ្ហាសង្គមផ្សេងៗ។

តាមរយៈការដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយនានា បានធ្វើឱ្យ​ប្រទេសជាតិ​និយាយ​ជារួម និងនៅខេត្តរតនគិរី និយាយដោយឡែក មានការអភិវឌ្ឍរីកចម្រើនឈានឡើងគួរជាទី​មោទនៈ។ អាស្រ័យដោយមានការខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តការងារពីគ្រប់តួអង្គ និងសមាសភាពពាក់ព័ន្ធក្នុងខេត្ត ជាពិសេសដោយមានគោលនយោបាយដ៏ត្រឹមត្រូវ​របស់​រាជ​រដ្ឋាភិបាល បានធ្វើឱ្យមូលដ្ឋានខេត្តរតនគិរី នៅតែបន្តទទួលបានទំនុកចិត្ត និងការពេញ​ចិត្ត​ពី​សំណាក់វិនិយោគិន។

បច្ចុប្បន្នខេត្ត មានក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច ចំនួន ២៧ក្រុមហ៊ុន រួមមាន៖ ក្រុមហ៊ុន​វៀត​ណាម ចំនួន១៣ ក្រុមហ៊ុនចិន ចំនួន៣ក្រុមហ៊ុន សិង្ហបុរី ១ក្រុមហ៊ុន និងក្រុមហ៊ុនក្នុងស្រុក ១០ក្រុមហ៊ុន បានផ្តល់ការងារជូនកម្មករ និយោជិតសរុបប្រមាណ ១៥,៥៨២នាក់។

ដោយឡែកតាមរយៈកម្មវិធីពិសេសជំរុញការវិនិយោគភូមិភាគឦសាន្ត ២០២៥- ២០២៨ ក្រុម​ការ​ងារ បានកំពុងដំណើរការរៀបចំជំរុញឱ្យវិនិយោគគិនបោះទុនវិនិយោគនៅក្នុងខេត្ត និង​ប្រែ​ក្លា​យក្រុមហ៊ុនវិនិយោគដីសម្បទានសេដ្ឋកិច្ចដែលអសកម្មឱ្យដំណើរការឡើងវិញជាមួយ​នឹង​លក្ខ័ណ្ឌពិសេសពីកម្មវិធី ដើម្បីជាចលករជំរុញសេដ្ឋកិច្ចខេត្ត។

គិតត្រឹមខែឧសភា ឆ្នាំ២០២៦នេះ នៅទូទាំងខេត្តរតនគិរី មានរោងចក្រធុនធំចំនួន ៩រោងចក្រ ក្នុងនោះ៖ រោងចក្រកែច្នៃកៅស៊ូចំនួន៥ កែច្នៃចេកចំនួន២ កែច្នៃកៅស៊ូ ផ្លែឈើចំនួន១ នឹង កែច្នៃដំឡូងមីចំនួន១ និងមានកម្មករសរុបចំនួន១,៧៦៥នាក់។

សហគ្រាសធុនតូច មធ្យម និងសិប្បកម្មមានចំនួន ៣៣២មូលដ្ឋាន និងមានកម្មករចំនួន ១,៩៣៩នាក់ ស្រី ៣៥០នាក់។

ទន្ទឹមគ្នានេះនៅក្នុងខេត្តមានក្រុមហ៊ុនធ្វើអាជីវកម្មលើវិស័យធនធានរ៉ែ មានដូចជាឧស្សាហ- កម្ម​រ៉ែមាសមាន ២ក្រុមហ៊ុន អាជីវកម្មថ្មអារមាន ១០ក្រុមហ៊ុន អាជីវកម្មថ្មសំណង់មាន ៣ក្រុម​ហ៊ុន និងអាជីវកម្មខ្សាច់ សំណង់មាន ៨ក្រុមហ៊ុន។

ក្រុមការងារជំរុញការវិនិយោគភូមិភាគឦសាន បានទទួលសំណើគម្រោងចំនួន១១គម្រោង ដែលមានទឹកប្រាក់ប្រមាណ ៨៦៣លានដុល្លារ ផ្តល់ឱកាសការងារជាង ៨,០០០កន្លែង។

ចំពោះការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ រដ្ឋបាលខេត្ត ក៏បានបន្តការគិតគូរក្នុងការពង្រឹង​ពង្រីកការកសាងឲ្យកាន់តែមានគុណភាព និងមានភាពប្រទាក់ក្រឡា ដើម្បីបង្កលក្ខណៈងាយ​ស្រួល​ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ បម្រើឲ្យការងារបង្កបង្កើនផល និង សកម្មភាពសេដ្ឋ​កិច្ច ដោយគិតមកដល់ពេលបច្ចុប្បន្ននៅទូទាំងខេត្តមានផ្លូវជាតិ០៤ខ្សែ ប្រវែង ៤១៣,៥១៨​គីឡូ​ម៉ែត្រ ផ្លូវខេត្តសរុប ១៥ខ្សែ ប្រវែង ៧១៥គ.ម ផ្លូវជនបទសរុប ៣២៦ខ្សែ ប្រវែង១,២១១គ.ម។

ខេត្តរតនគិរី មានទំនប់ទឹកចំនួន ១៤ទីតាំង ប្រវែង ៨,៥៨៧ម៉ែត្រ មានលទ្ធភាពស្រោច​ស្រព​លើ​ផ្ទៃដីនៅរដូវវស្សាប្រមាណ ២,៩១២ហិកតា និងរដូវប្រាំង ៤៥ហិកតា និងមានអាងស្តុបទឹក ១១​ទីតាំង ផ្ទុកទឹកបាន ២,៨៧៥,០០០ម៉ែត្រគូប។

– វិស័យអប់រំ៖ នៅទូទាំងខេត្តមានសាលារៀនរដ្ឋ និងឯកជនសរុបចំនួន ៤៣៣សាលា បុគ្គលិក​អប់​រំទូទាំងខេត្តសរុប ១,៧៤២នាក់ ស្រី ៧៩៣នាក់ និងសិស្សសរុប ៦០,៨៤៥នាក់ ស្រី ២៩,៩០៧នាក់ (សិស្សជនជាតិដើមភាគតិច ២៦,៥៥០នាក់ សី ១៣,៣៥៣នាក់) ក្នុងនោះរួម​មាន​៖ មត្តេយ្យសិក្សា ២២១សាលា/កន្លែង សិស្ស ៦,៦០៦ នាក់ បឋម ២៣០សាលា សិស្ស ៣៨,៨៥០នាក់ មានសិស្សជនជាតិដើមភាគតិច ១៧,៨៨៣នាក់ និងអនុវិទ្យាល័យ ២២សាលា សិស្ស ១០,០៥៣នាក់ វិទ្យាល័យ ១៣ សាលា សិស្ស ៥,៣៤០នាក់ មានសិស្សជនជាតិដើម​ភាគតិចនៅមធ្យមសិក្សា ៧,៨៤៨នាក់។

ប្រាំឆ្នាំចុងក្រោយ សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន ៧,០០០នាក់ ស្រី ៤,១៧៥នាក់ (សិស្សជនជាតិដើមភាគតិច ២,៦៥៤នាក់ ស្រី ១,៦៦៥នាក់) ក្នុងនោះ និទ្ទេស A ៤៥នាក់ ស្រី ២០នាក់។

ដោយឡែកឆ្នាំ២០២៥ មានបេក្ខជនប្រឡងមធ្យម សិក្សាទុតិយភូមិ ១,៨៨៤នាក់ ស្រី ១,០០៤​នាក់ បេក្ខជនប្រឡងជាប់សរុប ១៦០៧នាក់ ស្រី ៨៨៣នាក់ស្មើនឹង ៨៥.៣០% (សិស្សជន​ជាតិ​ដើមភាគតិច ៦៣៣នាក់ ស្មើនឹង ៣៩.៣៩% ស្រី៣៣៣ ) ក្នុងនោះបាន និទ្ទេស A ១៦​នាក់ ស្រី០៦នាក់ (ជនជាតិដើមភាគ តិច ៣នាក់ ស្រី១នាក់)។

ចំពោះការងារអគ្គិសនី និងទឹកស្អាត បច្ចុប្បន្នបណ្តាញអគ្គិសនីចូលដល់ភូមិប្រជា ពលរដ្ឋ ២៣៤ភូមិ នៃ២៤៣ភូមិ ស្មើនឹង ៩៦.២៩ភាគរយ។ អគ្គិសនីក្នុងខេត្តមាន៤ប្រភព ស្មើនឹង ៣៤.០៥៦មេហ្កាវ៉ាត់។

ដោយឡែកការងារទឹកស្អាត ខេត្តរតនគិរី មានអង្គភាពផលិតកម្ម-អាជីវកម្ម ទឹកស្អាតសា​ធារ​ណៈ​របស់ឯកជន ចំនួន ៥ក្រុមហ៊ុន ស្ថិតនៅក្នុងក្រុងបានលុង ទីប្រជុំជន ស្រុកអូរជុំ ស្រុកប​រ​កែវ ស្រុកលំផាត់ ស្រុកកូនមុំ និងស្រុកវើនសៃ។

ចំពោះវិស័យកសិកម្ម និងកសិឧស្សាហកម្ម ខេត្តមានផ្ទៃដីដាំកៅស៊ូសរុប ៧១,៣៥៦.៧ ហិក​តា និងមានផ្ទៃដីចៀរជ័រ ៦២,៥៨៦.៤ហិកតា ស្វាយចន្ទីមានផ្ទៃដីសរុប ៩៨,៩៥៦ហិកតា ដំឡូង​មីមានផ្ទៃដីដាំដុះសរុប ១៩,០៤១.៦ហិកតា ដំណាំស្រូវមានផ្ទៃដីចំនួន ៣៧,៥០០ហិកតា ទុរ ១,៦៨២ហិកតា ដំណាំម្រេចចំនួន ៥១២ហិកតា ដំណាំកាហ្វេចំនួន ៤៣,៥ហិកតា ដំណាំចេក​អំបូង​លឿង ១,៨៥៥ហិកតា ដំណាំស្វាយ ៣,៤០៧ហិកតា ក្រូចឆ្លូង ១៩៧ហិកតា តាង៉ែន ២២០ហិកតា ដំណាំកាកាវ ចំនួន ១៨ហិកតា និងដំណាំគួបផ្សំផ្សេងៗទៀត។

+ ផលិតកម្មសត្វ៖ មានការចិញ្ចឹមគោចំនួន ៨២,៧០៣ក្បាល ក្របី ១៣,០៨៤ក្បាល ជ្រូក ៣០,០៨៧ក្បាល និងបក្សីចំនួន ៤២៣,៩៧៨ក្បាល។

ចំពោះការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ បច្ចុប្បន្នបានអុវត្តតាមយន្តការច្រកចេញចូលតែ មួយ ដោយក្នុងខេត្តមានអង្គភាពច្រកចេញចូលតែមួយចំនួន ១ទីតាំង និងការិយាល័យ ច្រក ចេញចូលតែមួយចំនួន៨ក្រុង ស្រុក (ស្រុកតាវែងកំពុងបំពាក់សម្ភារ)។

ក្នុងឆ្នាំ២០២៥ កន្លងមក អង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តបានផ្តល់សេវាសរុប ចំនួន ៨,៩០៤សេវា ទទួលកម្រៃសេវា សរុបចំនួន ១,១៥៤លានរៀល និងការិយាល័យច្រក​ចេញ​ចូលតែមួយរដ្ឋបាលក្រុង ស្រុក បានផ្តល់សេវាសរុបចំនួន ៣៣,២៤២សេវា ទទួលកម្រៃ​សរុបចំនួន ១៨៣លានរៀល។

– វិស័យសុខាភិបាល៖ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦នៅក្នុងខេត្តមានស្រុកប្រតិបត្តិ ចំនួន ២កន្លែង មន្ទីរពេទ្យបង្អែកចំនួន៣ មណ្ឌលសុខភាពចំនួន ២៩មណ្ឌល និងប៉ុស្តិ៍ សុខភាព ៦ប៉ុស្តិ៍។

ខេត្តរតនគិរី មានបុគ្គលិកសុខាភិបាលសរុបចំនួន ៥១៤នាក់ ស្រី ២៤៦នាក់ ក្នុងនោះមាន​មន្ត្រី​ជាប់កិច្ចសន្យា ២៩នាក់ និងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀង ៣នាក់៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages