(ភ្នំពេញ)៖ លោក សុខចិន្តា សោភា ឧបនាយករដ្ឋមន្ត្រី និងជាតំណាងដ៏ ខ្ពង់ខ្ពស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីបើកពិធីពិព័រណ៍ «ពន្លកបៃតង» និងប្រកាសព្រឹត្តិការណ៍ដាំដើមត្នោតមួយលានដើម ដែលបានរៀបចំឡេីងនៅស្តីការក្រសួងបរិស្ថាន ក្នុងគោលបំណងពង្រីកគម្របបៃតងនៅកម្ពុជា និងដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុជាសកល បង្កើតទ្រព្យសម្បត្តិធម្មជាតិ និងជាខែលការពារបរិស្ថានដ៏មានតម្លៃបំផុតសម្រាប់ម្លប់នៃការរស់នៅប្រកបដោយចីរភាពរបស់កូនចៅជំនាន់ក្រោយ។
ពិធីនេះក៏មានការចូលរួមពីសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក លោកស្រីឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត តំណាងអង្គទូតប្រចាំប្រទេសកម្ពុជា លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងបរិស្ថាន ព្រមទាំងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល គ្រឹះស្ថានសិក្សា វិស័យឯកជន ភ្ញៀវកិត្តិយសជាតិ អន្តរជាតិជាច្រើននាក់ទៀតផងដែរ។
លោកបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ឱ្យដឹងថា ពិព័រណ៍ «ពន្លកបៃតង» នាពេលនេះ ដែលជាសក្ខីភាពនៃកម្លាំងសាមគ្គីភាពដ៏មានឥទ្ធិពល ដែលសបញ្ជាក់ថា កិច្ចគាំពារបរិស្ថាន មិនមែនជាកាតព្វកិច្ចផ្តាច់មុខរបស់ក្រសួង បរិស្ថានឡើយ ប៉ុន្តែជាកាតព្វកិច្ចរួមរបស់ប្រជាពលរដ្ឋខ្មែរ គ្រប់រូប។ ព្រឹត្តិការណ៍នេះ មិនមែនគ្រាន់តែជាការដាក់ បង្ហាញកូនឈើប៉ុណ្ណោះទេ ប៉ុន្តែជាពិព័រណ៍នៃក្តីសង្ឃឹមនៃស្មារតីទទួលខុសត្រូវប្រទេសកម្ពុជា និងជាគ្រឹះនៃអនាគតបៃតងរបស់កូនឈើតូចៗនីមួយៗសុទ្ធតែបង្កប់នូវអត្ថន័យដ៏ធំធេង។
លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែងថា ទោះបីជាកូនឈើមានទំហំតូច ល្អិត ប៉ុន្តែកូនឈើទាំងនេះមានជីវិត កូនឈើទាំងនេះផ្តល់ម្លប់ កូនឈើទាំងនេះបង្កើតខ្យល់អាកាសបរិសុទ្ធ កូនឈើ ទាំងនេះនាំមកនូវសោភ័ណភាព និងជាខែលការពារ ទឹកដី ជីវៈចម្រុះ សម្រាប់មនុស្សជំនាន់ក្រោយ។ នៅពេលយើងចែកកូនឈើមួយដើមជូនប្រជាពលរដ្ឋដោយ ឥតគិតថ្លៃ គឺមិនមែនត្រឹមតែការផ្តល់រុក្ខជាតិមួយដើម នោះឡើយ ប៉ុន្តែកិច្ចនេះ គឺជាការប្រគល់នូវបេសកកម្មជាតិ និងការផ្តល់ឱកាសដល់ប្រជាពលរដ្ឋគ្រប់រូប បានចូល រួមផ្ទាល់នៅក្នុងចលនាកសាងកម្ពុជាឱ្យកាន់តែមានភាពបៃតង។
នាឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី សុខចិន្តា សោភា បានចាត់ទុកព្រឹត្តិការណ៍ពិព័រណ៍ «ពន្លកបៃតង» នេះ គឺជាគំនិតផ្តួចផ្តើមមួយដែលប្រកបដោយគុណតម្លៃ និងអត្ថន័យខ្លឹមសារជ្រាលជ្រៅជាទីបំផុត ដែលពិតជាមានសារៈសំខាន់ឥតឧបមា ក្នុងការបណ្តុះស្មារតី ស្រលាញ់បរិស្ថាន ធម្មជាតិ ព្រៃឈើ និងភាពបៃតង ដោយយើងទាំងអស់គ្នាមិនមែនបានត្រឹមតែបង្ហាញនូវក្តីស្រលាញ់ត្រឹមតែនិយាយប៉ុណ្ណោះទេ ប៉ុន្តែអ្នកចូលរួមទាំងអស់គ្នាមានឱកាសបានបង្ហាញនូវសកម្មភាពពិត ពោលគឺមានឱកាសទទួលយកកូនឈើដោយឥតគិតថ្លៃ ដើម្បីយកទៅដាំបណ្តុះ ដែលនេះ គឺជាសក្ខីកម្មមួយបង្ហាញពីសកម្មភាពជាក់ស្តែងនៃការស្រលាញ់ និងបណ្តុះពន្លកបៃតងសម្រាប់ប្រទេសជាតិ។
លោកឧបនាយករដ្ឋមន្ត្រី សុខចិន្តា សោភា ក៏បានកោតសរសើរជូនចំពោះលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងបរិស្ថានទាំងអស់ ដែលមានគំនិតប្រកបដោយឧត្តមានុវត្តន៍ ក្នុងការផ្តួចផ្តើមនូវពិព័រណ៍ពន្លកបៃតងនេះឡើង ដែលនេះគឺពិតជាសក្ខីភាពមួយបង្ហាញឱ្យឃើញពីការគិតគូរ ម៉ត់ចត់ និងសេចក្តីស្រលាញ់ថែរក្សា ការពារគត់មត់ចំពោះបរិស្ថាន និងភាពបៃតងរបស់លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រុមគ្រួសារបរិស្ថានយើងទាំងអស់គ្នា។
លោកឧបនាយករដ្ឋមន្ត្រី សុខចិន្តា សោភា ក៏បានចាត់ទុកពិព័រណ៍ពន្លកបៃតង ឆ្នាំ២០២៦ របស់យើងនាឱកាសនេះ គឺជា «ព្រឹត្តិការណ៍បណ្តុះផ្នត់គំនិតស្រលាញ់ធម្មជាតិ បរិស្ថាន ភាពស្អាត និងភាពបៃតង អមជាមួយការបណ្តុះស្មារតី ជាតិនិយមដ៏រឹងមាំ និងអត្តសញ្ញាណជាតិដ៏ស្រស់ផូរផង់ជាទីបំផុត»៕


























No comments:
Post a Comment