ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាល នៃប្រទេសហុងគ្រី ត្រូវសិក្សារៀនសូត្រឱ្យបានខ្លាំងក្លា និងធ្វើយ៉ាងណាទាក់ទាឱ្យនិស្សិត ក៏ដូចជា មិត្តភក្កិបរទេសមកទេសចរណ៍ស្រុកខ្មែរឱ្យបានច្រើន។
ការណែនាំបែបនេះរបស់ ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងនារសៀលថ្ងៃទី១៨ខែសីហា ឆ្នាំ២០២៦នេះ ខណៈជួបសំណេះសំណាល ជាមួយក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាល នៃប្រទេសហុងគ្រីចំនួន២៣រូប នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ក្មួយៗនិស្សិតដែលបានប្រឡងជាប់អាហារូបករណ៍ទៅសិក្សារៀនសូត្រនៅប្រទេសហុងគ្រី ត្រូវសិក្សារៀនសូត្រឲ្យបានខ្លាំង ដើម្បីយកចំណេះវិជ្ជាទាំងនោះ មកអភិវឌ្ឍប្រទេសកម្ពុជាយើងឲ្យរីកចម្រើនជឿនលឿនក្លាយជា ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ការប្រឡងជាប់ជានិស្សិតអាហារូបករណ៍របស់ក្មួយៗ គឺជាមោទនភាពរបស់កម្ពុជាយើង ហើយក៏ជាការបង្ហាញឱ្យឃើញពីខួរក្បាលដ៏វ័យឆ្លាតរបស់កូនខ្មែរ មិនចាញ់និស្សិតបរទេស នៅលើពិភពលោកឡើយ។
ឯកឧត្តម ឃួង ស្រេង បានបន្តទៀតថា ក្រោយពីប្រទេសជាតិមានសន្តិភាពពេញលេញ នៅថ្ងៃទី ២៩ធ្នូឆ្នាំ១៩៩៨ ការបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជាពិតជាមានសក្តានុពល។ ជាក់ស្ដែងពីមួយឆ្នាំទៅមួយឆ្នាំ សិស្សានុសិស្សដែលប្រឡងបាក់ឌុប ទទួលបាននិទ្ទេសAកាន់តែច្រើនៗឡើង។ ការសិក្សារៀនសូត្រមិនមែន បញ្ចប់ត្រឹមការសិក្សានៅតាមសាលារៀនប៉ុណ្ណោះទេ ពោលគឺត្រូវរៀនឱ្យទាន់បច្ចេកវិជ្ជា រៀនសូត្រជារៀងរហូត ដើម្បីដណ្ដើមបានទីផ្សារការងារនៅលើពិភពលោក។
ជាមួយគ្នានោះដែរ ឯកឧត្តម ឃួង ស្រេង ក៏បានលើកឡើងពីបទពិសោធន៍ដែលឯកឧត្តមបានសិក្សារៀនសូត្រ ជានិស្សិតអាហារូបករណ៍ នៅសហភាពសូវៀត។ សុំក្មួយៗជានិស្សិតទាំងអស់ ដែលត្រូវទៅសិក្សារៀនសូត្រនៅប្រទេសហុងគ្រីត្រូវប្រកាន់ភ្ជាប់នៅប្រពៃណី ទំនៀមទំលាប់ របស់កម្ពុជាពិសេស សាមគ្គីភាពគ្នាឱ្យបានល្អ។ ធ្វើទំនាក់ទំនងឱ្យល្អជាមួយនឹងនិស្សិតបរទេស បង្ហាញពីវប្បធម៌ប្រពៃណី អត្តសញ្ញាណជាតិរបស់កម្ពុជានិងធ្វើយ៉ាងណា ទាក់ទាញឱ្យមិត្តបរទេស ចាប់អារម្មណ៍ ចង់មកទេសចរណ៍នៅប្រទេសកម្ពុជា។
សូមជម្រាបជូនថា ក្រោយបញ្ចប់ការសំណេះសំណាលនោះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាការលើកទឹកចិត្តដល់និស្សិតទាំង២៣នាក់ផងដែរ៕
ប្រភព ៖ រដ្ឋបាលរាជធានីភ្នំពេញ












No comments:
Post a Comment