(ភ្នំពេញ)៖ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានថ្លែងថា បវរកញ្ញាខ្មែរ ត្រូវតែមានលក្ខណៈជាស្ត្រីខ្មែរ ទាំងសម្លៀកបំពាក់ ការនិយាយស្តី កាយវិការ និងការគោរព។
មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ បានថ្លែងបែបនេះ ក្នុងសិក្ខាសាលាស្តីពី «ការពង្រឹងយន្តការនិងនីតិវិធីនៃការធ្វើអធិការកិច្ច» នៅទីស្តីការក្រសួង នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥។
លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ បានបញ្ជាក់យ៉ាងដូច្នេះថា «បវរកញ្ញាខ្មែរ ត្រូវតែមានលក្ខណៈជាស្ត្រីខ្មែរ។ ស្ត្រីខ្មែរ គាត់មានឥរិយាបទយ៉ាងម៉េច? សម្លៀកបំពាក់បែបនេះ កាយវិការ ការនិយាយស្តី ការគោរព គឺត្រូវបង្ហាញអត្តសញ្ញាណជាស្ត្រីខ្មែរ»។
បើតាមលោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ ពេលមានអ្នករៀបចំកម្មវិធីប្រឡងបវរកញ្ញាឯកខ្មែរ តែងតែមានការស្នើសុំការគាំទ្រពីក្រសួងវប្បធម៌។ នៅពេលស្នើសុំការគាំទ្រ ក្រសួងតែងតែគាំទ្រ ប៉ុន្តែនៅពេលមានសកម្មភាពពាក់ព័ន្ធនឹងទំនៀមទម្លាប់ ប្រពៃណី និងសម្លៀកបំពាក់ ក្រសួងស្នើសូមឆ្លងក្រសួងសិន ប៉ុន្តែអ្នករៀបចំកម្មវិធីខ្លះ អត់ឆ្លងក្រសួងវប្បធម៌ទេ ហេតុនេះហើយបានជារៀបចំទៅខុសតែម្តង និងនាំឲ្យមានការរិះគន់៕



















































No comments:
Post a Comment