www.senabteynewsphsasphsacheatnews.com.kh មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាង ហ្វាង ការផ្សាយ លោក មូល សាថូ អាសយដ្ឋានៈ ភូមិត្រពាំងស្លា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ / ទំនាក់ទំនង ទូរស័ព្ទលេខ​: 097 540 7868 / 0967237447

Breaking

Tuesday, July 14, 2026

អាជ្ញាធរខេត្តកែប ចុះកាយបើកផ្លូវទឹកសម្រួលការកកស្ទះនៅតាមបណ្តោយផ្លូវជាតិលេខ៣៣ ដើម្បីបង្ការការជន់លិច


ខេត្តកែប៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារអាជ្ញាធរខេត្តកែប បានចុះប្រតិបត្តិការកាយបើកផ្លូវទឹកដែលកកស្ទះជាបន្ទាន់ ដើម្បីរំដោះទឹក និងបង្ការការជន់លិចលំនៅឋានប្រជាពលរដ្ឋ ក្រោយពីមានភ្លៀងធ្លាក់ជាប់ៗគ្នា។
ប្រតិបត្តិការនេះ ដឹកនាំដោយ លោក ហ៊ួ មិថុនា អភិបាលរងខេត្តកែប និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកែប ដោយមានការចូលរួមសហការយ៉ាងសកម្មពីអាជ្ញាធរមូលដ្ឋាន មន្ទីរធនធានទឹក និងឧតុនិយមខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់។
ទីតាំងដែលក្រុមការងារបានចុះកាយបើកផ្លូវទឹកគឺស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៣៣ ក្បែររង្វង់មូលសេះស ដែលជាចំណុចងាយនឹងមានការកកស្ទះលំហូរទឹកនៅពេលមានភ្លៀងធ្លាក់ខ្លាំង។ ការចុះអនុវត្តសកម្មភាពនេះ បានធ្វើឡើងយ៉ាងយកចិត្តទុកដាក់ ដើម្បីសម្រួលលំហូរទឹកឱ្យបានទាន់ពេលវេលា ជាពិសេសការការពារមិនឱ្យទឹកហូរចូលជន់លិចលំនៅឋានរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ។
លោក ហ៊ួ មិថុនា បានគូសបញ្ជាក់ថា ការដោះស្រាយបញ្ហាលំហូរទឹកនេះ គឺជាវិធានការចាំបាច់ដើម្បីត្រៀមបង្ការគ្រោះមហន្តរាយទឹកជំនន់ ដែលអាចកើតមានឡើងក្នុងរដូវវស្សានេះ។ លោកក៏បានថ្លែងអំណរគុណចំពោះមន្ទីរជំនាញ និងប្រជាពលរដ្ឋ ដែលបានចូលរួមយ៉ាងសកម្មក្នុងការសម្រេចបេសកកម្មមួយនេះប្រកបដោយជោគជ័យ។
អាជ្ញាធរខេត្តកែប ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តមានការប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពអាកាសធាតុ និងចូលរួមរក្សាអនាម័យបរិស្ថាន ដោយកុំចោលសំរាមចូលក្នុងប្រព័ន្ធលូ ឬផ្លូវទឹក ដើម្បីចៀសវាងការកកស្ទះដែលនាំឱ្យមានការជន់លិចនារដូវវស្សានេះ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages